គន្លឹះទាំង៥នេះ អាចដោះស្រាយបញ្ហាតានតឹងអារម្មណ៍នៅកន្លែងធ្វើការប្រភព៖ Linkedin
ជាធម្មតានៅពេលដែលមានការងារច្រើនត្រូវបំពេញ បុគ្គលិកភាគច្រើនតែងមានអារម្មណ៍ស្មុគស្មាញ និង តានតឹងជានិច្ច ជាហេតុធ្វើឲ្យបរិយាកាសនៅកន្លែងការងារមិនសូវល្អឡើយ។ ដោយសារតែបញ្ហាទាំងនេះ វាតែងធ្វើឲ្យបុគ្គលិកឆាប់ខឹង និង ឆេវឆាវ ពេលខ្លះអាចបង្កជាបញ្ហាផ្សេងៗទៀតដែលមិនមែនត្រឹមតែនៅកន្លែងធ្វើការប៉ុណ្ណោះទេ ថែមទាំងអាចបង្កបញ្ហានៅពេលទៅទៅដល់ផ្ទះទៀតផង។
ដូច្នេះ ប្រសិនបើអ្នកជួបបញ្ហាបែបនេះ អ្នកគួរតែព្យាយាមដោះស្រាយវាឲ្យទាន់ពេល ព្រោះ វាពិតជាចាំបាច់ខ្លាំងណាស់ ក្នុងការជៀសវាង និង កាត់បន្ថយភាពតានតឹង នៅកន្លែងធ្វើការ។ ដើម្បីអាចបញ្ចៀសបញ្ហាដូចបានរៀបរាប់ខាងលើបាន អ្នកអាចសាកល្បងអនុវត្តតាមគន្លឹះទាំងនេះ៖
១) ទុកពេលខ្លះដើម្បីសម្រាក
ដោយសារតែការងារច្រើន និងស្មុគស្មាញពេក ជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍ថា តានតឹងខ្លាំង ហើយក្នុងករណីនេះ បើអ្នកនៅតែព្យាយាមធ្វើវាតទៅទៀត នោះលទ្ធផលការងាររបស់អ្នកក៏មិនបានផលវិជ្ជមានអ្វីនោះដែរ ហើយអារម្មណ៍តានតឹងកាន់តែខ្លាំងឡើងៗ។ ដូច្នេះ អ្នកគួរឆ្លៀតពេល សម្រាកខ្លះ ពោលគឺ ពី ១០ ទៅ ១៥ នាទី ដើម្បីបង្កើនថាមពល ក៏ដូចជាធ្វើឲ្យអារម្មណ៍ស្រស់ស្រាយឡើងវិញ។
២) កុំព្យាយាមបន្ទោសខ្លួនឯង
ជាធម្មតា នៅពេលអ្នកធ្វើការងារអ្វីមួយ វាជៀសមិនផុតពីកំហុសនោះទេ។ ប្រសិនបើអ្នកព្យាយាមស្តីបន្ទោសលើខ្លួនឯងខ្លាំងពេក វាអាចធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាតានតឹងខ្លាំង។ មនុស្សយើងមិនអាចល្អឥតខ្ចោះនោះទេ ហើយបើព្យាយាមដាក់សម្ពាធលើខ្លួនឯងខ្លាំងបែបនេះ អ្នកគ្មានថ្ងៃធ្វើការងារនោះឲ្យល្អបានឡើយ។ ដូច្នេះ ជម្រើសដ៏ល្អ គួរណាស់តែចេះផ្តល់ឱកាសដល់ខ្លួនឯង ក្នុងការកែប្រែកំហុស ព្រោះវាជាផ្លូវដែលធ្វើឲ្យអ្នកអាចសម្រេចការងារនោះឡើងវិញ។
៣) គិតបែបវិជ្ជមាន
បើអ្នកគិត បែបណាអ្នកនឹងធ្វើវាបែបនោះ។ មានន័យថា ការគិតបែបអវិជ្ជមាន វាធ្វើឲ្យសកម្មភាពរបស់អ្នកមានភាពអវិជ្ជមាន ជាពិសេសនៅពេលកំពុងមានបញ្ហាស្រាប់ផង។ ដូច្នេះ បើអ្នកគិតបែបអវិជ្ជមានច្រើន វាធ្វើឲ្យអ្នកមានអារម្មណ៍ថា ស្មុគស្មាញ ហើយក៏ធ្វើឲ្យសមត្ថភាពក្នុងការគិតដោះស្រាយបញ្ហា ចុះអន់ខ្សោយផងដែរ។ ដើម្បីស្តាស្ថានការណ៍ អ្នកគួរបង្កើតទម្លាប់គិតបែបវិជ្ជមាន ព្រោះវាអាចធ្វើឲ្យអ្វីៗប្រសើរឡើងវិញ បើទោះបីជាអ្នកកំពុងជួបបញ្ហាស្មុគស្មាញក្តី។
៤) ឆ្លៀតដើរលំហែកាយខ្លះ
ដើម្បីកាត់បន្ថយភាពតានតឹង អ្នកគួរតែទុកពេលខ្លះសម្រាប់ខ្លួនឯង ក្នុងការដើរកម្សាន្តផ្សេងៗ ជាពិសេសការទៅស្រូបយកខ្យល់ធម្មជាតិនៅតាមកន្លែងដែលមានដើមឈើពណ៌បៃតង។ នៅពេលដែលអ្នក បានលំហែកាយ នៅតាមតំបន់ធម្មជាតិផ្សេងៗនោះវាធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និង កាត់បន្ថយភាពតានតឹងបានយ៉ាងច្រើន។
៥) ឆ្លៀតពេលហាត់ប្រាណ
ការហាត់ប្រាណ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់ មនុស្ស ព្រោះប្រសិនបើគ្មានសុខភាពមាំមួនទេ ជាទូទៅអ្នកពិតជាគ្មានអារម្មណ៍ណាដើម្បីគិតគូរលើកិច្ចការអ្វីមួយឲ្យល្អនោះទេ។ នៅពេលដែលអ្នកមានអារម្មណ៍តានតឹងនៅកន្លែងការងារ អ្នកអាចឆ្លៀតពេលខ្លះដើម្បីទៅធ្វើលំហាត់ប្រាណ ព្រោះការធ្វើបែបនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ ប្រសើរជាងមុន៕